Thursday, April 21, 2016

ឆឺតៗ! ទៅលេងបុណ្យភូមិ

ភ្នំពេញ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីនាខាងមុខ យុវជនមួយក្រុមបានបង្កើតព្រឹត្តិការណ៍មួយដែលហៅថា «ពិធីបុណ្យភូមិ» នៅវត្តជ្រោយអំពិល ចន្លោះពីច្បារអំពៅ ជាយរាជធានីភ្នំពេញ និងកៀនស្វាយខេត្តកណ្តាល។ ក្រោមការរៀបចំដោយក្រុមភ្លើងគប់ ស្ថានីយវិទ្យុអេប៊ីស៊ី ព្រឹត្តិការណ៍ «បុណ្យភូមិ» នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា។

ជោគជ័យពីរលើកកន្លងមកនៅវត្តព្រែកថ្លឹង ក្រុមយុវជនកម្ពុជា បានសម្រេចចិត្តបង្កើតព្រឹត្តិការណ៍ «បុណ្យភូមិ» ជាលើកទី៣ ដូចប្តូរបរិយាកាសទៅកាន់វត្តជ្រោយអំពិលវិញម្តង។ កម្មពិធីបុណ្យភូមិមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ មេសានេះ ចាប់ផ្ដើមពីម៉ោង៧ព្រឹក ដល់ម៉ោង ១០ យប់ ដែលធ្វើនៅបរិវេណវត្តជ្រោយអំពិល។

បុណ្យភូមិនៅវត្តជ្រោយអំពិល នឹងរំលេចឲ្យឃើញនូវកកម្មពិធីសំពះគ្រូ រាប់បាត្រ ស្រង់ព្រះរស់ ការសម្ដែងល្ខោនខោល និងស្រមោលស្បែកធំ ល្ខោននិយាយ និងមានរបាំជាច្រើនផ្សេងទៀត ការសម្ដែងចាប៉ីដងវែង ពិនខ្មែរ និងមានល្បែងប្រជាប្រិយជាច្រើនតាំងពីពេលព្រឹករហូតយប់ ហើយកម្មពិធីនេះក៏មានការលក់វត្ថុអនុស្សាវរីយ និងម្ហូបអាហារផ្សេងៗផងដែរ។