Friday, March 13, 2015

១១ចំនុចជួយការពារជំងឺថ្លើម


ថ្លើមគឺជាសរីរាង្គដ៏រឹងមាំសំខាន់បំផុត។​ វាមានទំងន់ពីចាប់ ១ ទៅ ១,៥គីឡូក្រាម ស្ថិតនៅផ្នែកខាងស្តាំក្រោមបរិវេណពោះ និងមានឆ្អឹងជំនីស្រោបការពារ។
          ថ្លើមដើរតួយ៉ាងសំខាន់ក្នុងការបំផ្លែងអាហារ ភេសជ្ជះ ទាំងអស់អោយទៅជាថាមពល និងអាហារូបត្ថម្ភសំរាប់ចិញ្ចឹមរាងកាយ។ ក្រៅពីនេះ ថ្លើមក៏មានមុខងារផ្ទុកនូវវីតាមីន និងធ្វើមេតាបូលីកអ័រម៉ូនមួយចំនួនសំរាប់បម្រើមុខងាររាងកាយ។
          ថ្លើមមានសមត្ថភាពព្យាបាល និងធ្វើអោយប្រសើរឡើងវិញនូវជំងឺផ្សេងៗដែលចូលយាយីរាងកាយ។ ទោះជាយ៉ាងនេះក្តី បើថ្លើមអ្នកកើតមានបញ្ហាហើយនោះ វាពិតជាពិបាក។
ជំងឺថ្លើមតែងកើតក្នុងសភាពស្ងប់ស្ងាត់ និងមានអត្រា ៥០% អាចបណ្តាលអោយអ្នកស្លាប់ បើមិនបានព្យាបាលទាន់ពេល។
          ជាទូទៅជំងឺថ្លើមមានច្រើនប្រភេទ ហើយរោគសញ្ញានិមួយៗពិបាកនឹងតាមដាន ដឹងណាស់ រហូតទាល់តែវាវិវដ្តន៍ដល់ដំណាក់កាលចុងក្រោយទើបដឹង។
          ដូច្នេះតើអ្នកគួរថែរក្សាការពារយ៉ាងម៉េច ដើម្បីជៀសវាងជំងឺថ្លើម?
          អ្នកត្រូវពិសាអាហារណាដែលល្អសម្រាប់សុខភាព និងធ្វើលំហាត់ប្រាណអោយបានទៀងទាត់។ ការអង្គុយធ្វើការងាររាល់ថ្ងៃច្រើនពេក អាចបណ្តាលអោយឡើងទម្ងន់ខ្លួន និងឆាប់ធាត់។ ការពិសារស្រាច្រើន ក៏អាចប៉ះពាល់ដល់ថ្លើមផងដែរ។
ជំងឺថ្លើមជាទូទៅត្រូវបានគេស្គាល់ថា ប្រភេទអេប៉ាទីត (Hepatitis) A, អេប៉ាទីត B,  អេប៉ាទីត C , បញ្ហាជាតិខ្លាញ់កកក្នុងថ្លើម និងជំងឺ NAFLD ដែលបង្ករមកពីការពិសាស្រាច្រើន។​ ជំងឺថ្លើមខ្លះ ក៏អាចបណ្តាលអោយវិវដ្តន៍ទៅជាជំងឺមហារីកផងដែរ។
          ខាងក្រោមនេះ ជាចំនុចសំខាន់ ១១ចំនុច ដែលអ្នកគួរដឹងដើម្បីបង្កាកុំអោយឈានទៅកើតជំងឺថ្លើម៖
១. ត្រូវពិសាអាហារណាមានជាតិកាកសរសៃច្រើន​ និងជៀសវាងកុំពិសាអាហារមានជាតិខ្លាញ់ និងប្រៃច្រើនពេក។
២. ពិសាស្រាក្នុងបរិមាណតិចតួចដើម្បីសុខភាព។
៣. ចាក់ថ្នាំវ៉ាក់សាំង ការពារភាពស៊ាំនឹងមេរោគ អេប៉ាទីត A និង B ។​
៤. កុំពិសាថ្នាំពេទ្យច្រើនលើសកម្រិត និងត្រូវពិគ្រោះយោបប់ជាមួយគ្រូពេទ្យ។
៥. ត្រូវប្រយ័ត្ននឹងការប៉ះដោយផ្ទាល់នៅនឹងថ្នាំសម្លាប់សត្វល្អិត និង ថ្នាំគីមីបាញ់លើដំណាំគ្រប់ប្រភេទ។
៦. ត្រូវលាងសំអាតដៃជានិច្ចនៅក្រោយពេលចូលបន្ទប់ទឹក។​
៧. មិនត្រូវប្រើថ្នាំពេទ្យ ផ្សំជាមួយថ្នាំបូរាណ ព្យាបាលជំងឺ។​
៨. ត្រូវលៃពេលទៅក្រៅលំហែរកាយ និងធ្វើលំហាត់ប្រាណខ្លះៗ ដូចជាជិះកង់ជាដើម។
៩. ការសាក់ស្បែក ចោះក្រវិលលើរាងកាយ កាត់ក្រចកដៃជើង ត្រូវសំអាតឧបករណ៍អោយ បានស្អាតនិងរំងាប់មេរោគជាមុន នៅមុនពេលប្រើ។ ចំពោះថ្នាំចាក់សាក់ខ្លះ​ពេលប៉ះចូលដល់ឈាមក៏អាចបណ្តាលអោយឆ្លងជំងឺផងដែរ ជាពិសេស មេរោគអេប៉ាទីតប្រភេទ B និង C។​
១០. មិនត្រូវប្រើស៊ីរ៉ាំងចាក់ថ្នាំរួមគ្នា ផ្លែឡាម និងវត្ថុមុតស្រួចនានា។
១១. មេរោគប្រភេទ អេប៉ាទីត B និង C អាចឆ្លងតាមការរួមភេទ។ 

No comments:

Post a Comment