Monday, September 7, 2015

សំណើចជាថ្នាំព្យាបាលដ៏ប្រសើរបំផុត


សំណើចគឺជាគន្លឹះសំខាន់បំផុតធ្វើអោយអ្នករីករាយនិងមានសុខភាពល្អ។ ដូច្នេះអ្នកគួររៀនសើចអោយបានច្រើនដើម្បីសុខភាព។ លើសពីនេះវាក៏ជាលំហាត់ប្រាណមួយដ៏ប្រសើរដែលអ្នកអាចអនុវត្តបាននៅគ្រប់ទីកន្លែង។


សំណើចគឺជាជម្រើសមួយជួយបន្ធូរបន្ថយភាពតានតឹងនៃរាងកាយ និងអារម្មណ៍ស្មុគ្រស្មាញ។ វាជាវិធីសាស្រ្តមួយដែលគេជ្រើសយកមកព្យាបាលទៅលើអ្នកជំងឺ ដូចជាអ្នកកើតជំងឺមហារីក និងជំងឺជិតស្លាប់ជាដើម។

ក្រៅពីនេះសំណើចមិនត្រឹមតែនាំអោយមានមិត្តបានច្រើន វាក៏ជួយអោយអ្នកមានសុភមង្គល និងមានទំនាក់ទំនងល្អក្នុងសង្គម។ មនុស្សភាគច្រើនមិនសូវជាបានយកចិត្តទុកដាក់ និងយល់ពីឥទ្ធិពលនៃសំណើចប៉ុន្នាននោះទេ។

ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួននៃសំណើចដែលអាចជួយបាន៖


១. កាត់បន្ថយបញ្ហាស្រ្តេះក្នុងអារម្មណ៍៖
សំណើចគឺជាវិធីសាស្រ្តដ៏ល្អជួយបញ្ចេញចោលនូវអ័រម៉ូនស្រ្តេះដូចជា អ័រម៉ូនប្រភេទ ខតទីសុល (Cortisol) និង អាដ្រេណាលីន (adrenaline) ។ នៅក្រោយពេលធ្វើការក្នុងមួយថ្ងៃដ៏តានតឹង អ្នកគួរសាកល្បងសើច និងធ្វើអោយមានភាពរីករាយ ដើម្បីកាត់បន្ថយភាពតានតឹងនេះ។

២. បញ្ចេញអ័រម៉ូនសប្បាយ៖
អ័រម៉ូន អង់ដូហ្វីន (endorphins) គឺជាអ័រម៉ូនមួយប្រភេទដែលធ្វើអោយអ្នកមានភាព រីករាយ បន្ថយកម្រិតតានតឹងក្នុងអារម្មណ៍ និងក៏ដើរតួនាទីសំខាន់ក្នុងការបំបាត់ភាព ឈឺចាប់ និងជួយអោយអ្នកកាត់បន្ថយការឈឺដោយជំងឺរ៉ាំរ៉ៃមួយចំនួន។

៣. ជួយអោយរាងកាយសមសួន៖
តើអ្នកចង់បានរាងកាយស្រស់ស្អាតនិងសមសួនដែរឫទេ? ពិតហើយ សំណើចអាចជួយអ្នកបាន ព្រោះនៅពេលសើច សាច់ដុំពោះរបស់អ្នកធ្វើចលនាកន្រ្តាក់ និងពង្រីកចុះឡើងៗ ដូចគ្នាទៅនឹង ការហាត់ប្រាណដូច្នោះដែរ។

៤.កាត់បន្ថយសំពាធឈាម៖
ចូរហាត់សើច ប្រសិនបើអ្នកមិនសូវសើចញឹកញាប់ទេនោះ ព្រោះការសើចអាចជួយកាត់បន្ថយ សំពាធឈាមក្នុងខ្លួនបាន។ នេះមានន័យថា វាអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺបេះដូង និង ជំងឺសាច់សរសៃឈាមខួរក្បាល។

៥. ការពារជំងឺបេះដូង៖
ឥរិយាបថសើចគឺជាលំហាត់ប្រាណដ៏ប្រសើរសម្រាប់បេះដូង ជាពិសេសសម្រាប់អ្នកដែលមិនសូវ ជាមានពេលធ្វើលំហាត់ប្រាណរាងកាយបាន និងអ្នកមានកាយសម្បទាមិនគ្រប់គ្រាន់ មានជំងឺ និងមិនអាចធ្វើលំហាត់ប្រាណបាន។ សំណើចជួយបង្កើនមុខងារចលនាឈាមរត់ បង្កើនលំហូរ ឈាមរត់ ទៅចិញ្ចឹមសរីរាង្គបេះដូង និងជួយការពារបញ្ហាគាំងបេះដូងជាយថាហេតុ។

៦. បង្កើតគំនិតវិជ្ជមាន៖
អត្ថប្រយោជន៍មួយដ៏ប្រសើរមួយទៀតនៃការគិតគឺសំណើចអាចធ្វើអោយអ្នកមានគំនិតអវិជ្ជមាន មកជាវិជ្ជមានវិញ វាជួយអោយជីវិតអាប់អួររបស់អ្នកប្រែត្រលប់មករីករាយ ចង់រស់នៅអោយ ជីវិតមានន័យឡើងវិញ។ ដូច្នេះអ្នកគួរសើចយ៉ាងហោចណាស់អោយបាន ១ដងក្នុងមួយថ្ងៃ ដើម្បី អោយជីវិតអ្នកចាកចេញពីភាពសោកសៅ និងធ្វើអោយជីវិតស្រស់ថ្លាឡើងវិញ។
តោះនាំគ្នាសើច! 

No comments:

Post a Comment